វិន័យក្នុងការអប់រំកូន! ជំរុញឱ្យគេមានសណ្តាប់ធ្នាប់ល្អក្នុងសង្គម

កុមារតូចៗជាផ្នែកយ៉ាងសំខាន់មួយដែលមិនអាចមើលរំលងបាន ព្រោះពួកគេនឹងក្លាយជាធនធានមនុស្សយ៉ាងសំខាន់នៅថ្ងៃអនាគត។ អ្វីគ្រប់យ៉ាងគឺចាប់ផ្តើមពីក្មេង ប្រសិនបើក្មេងមានគុណភាពនៃគំនិតខ្ពស់ នៅពេលដែលពួកគេធំឡើង គេនឹងក្លាយជាធនធានដែលមានភាពខ្លាំងក្លាសម្រាប់សង្គម។

នាពេលបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា នៅតាមដងផ្លូវក្តី នៅក្នុងទីផ្សារមួយចំនួនក្តី និងនៅតាមទីសាធារណៈសំខាន់ៗមួយចំនួនក្នុងទីប្រជុំជនក្តី ទិដ្ឋភាពនៃភាពអនាធិបតេយ្យបានស្តែងចេញតាមរយៈសកម្មភាពរបស់មនុស្សមួយចំនួនធំ ដែលមិនសូវខ្វល់ពីផលប៉ះពាល់នៃទង្វើរបស់ខ្លួន។

នៅលើដងផ្លូវយើងគ្រប់គ្នាសុទ្ធតែបានឃើញពីការបើកបរដែលរញ៉េរញ៉ៃ និងដណ្តើមគ្នាទៅមុន ឬគោរពច្បាប់ចរាចរណ៍មិនល្អ ដែលបណ្តាលឱ្យមានការកកស្ទះ ចំណែកឯនៅទីសាធារណៈ និងនៅតាមទីផ្សារមួយចំនួនយើងក៏បានឃើញផងដែរពីការចោលសំរាមក្រៅធុងសំរាម រួមទាំងការដាក់តាំងលក់យ៉ាងអនាធិបតេយ្យ។

សកម្មភាពទាំងនេះ បានធ្វើឱ្យប៉ះពាល់ដល់មនុស្សជាច្រើនផ្សេងទៀតដែលព្យាយាមគោរពនូវសណ្តាប់ធ្នាប់ល្អ ក៏ដូចជាគោរពច្បាប់។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោកបណ្ឌិត ចាន់ សុផល បានធ្លាប់បានលើកឡើងនៅក្នុងបណ្តាញសង្គមរបស់លោកថា ការបណ្តុះបណ្តាលទម្លាប់ល្អ ជាពិសេសការបណ្តុះមនុស្សមិនឱ្យចោលសំរាមផ្តេសផ្តាស គឺគួរចាប់ផ្តើមពីកូនក្មេង ព្រោះប្រសិនបើយើងបានបណ្តុះបណ្តាលក្មេងឱ្យមានទម្លាប់ល្អ នៅពេលដែលគេធំឡើង គេនឹងរៀបចំខ្លួនឯងឱ្យមានសណ្តាប់ធ្នាប់។

ឆ្លើយតបជាមួយនឹងបញ្ហានេះផងដែរ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងផងដែរថា ការអប់រំក្មេងជារឿងមួយ ពេលខ្លះក្មេងនៅសាលាតែប៉ុន្មានម៉ោងតែប៉ុណ្ណោះ ខណៈក្មេងនៅជាមួយអាណាព្យាបាលស្ទើរពេញមួយថ្ងៃ។ ការអប់រំ មនុស្សចាស់ឱ្យបង្កើតគំរូល្អដល់ក្មេងៗក៏ជារឿងសំខាន់មួយដើម្បីលុបបំបាត់ភាពអនាធិបតេយ្យក្នុងសង្គម៕

Leave A Reply

Your email address will not be published.

Click to Hide Advanced Floating Content