ប៉ាម៉ាក់​គួរដឹង!​ របៀបទាំង8 ​ក្នុងការថែទាំទារកទើបកើត

ទារក​ទើប​នឹង​កើត​នាំ​មក​នូវ​ភាព​រំភើប​រីក​រាយ​ទាំង​ម្តាយ​​ទាំង​ឪពុក​ ស្រប​គ្នា​នោះ​ដែរ​បន្ទុក​ក៏​ត្រូវ​តែ​ស្មើ​គ្នា​ដែរ។​ ឪពុក​ម្តាយ​ថ្មី​ថ្មោង​អាច​នឹង​ជួប​ប្រទះ​ការ​ពិបាក​ច្រើន​ដូច​ជា​គេង​មិន​បាន​គ្រប់​គ្រាន់​ មិន​ចេះ​បី​កូន​ បំបៅ​ដោះ​កូន​ និង​ងូត​ទឹក​។ល។​ ពេល​នេះ​កញ្ញា​នឹង​បង្ហាញ​អ្នក​ពី​វិធី​ខ្លះ​ៗ​ដែល​អាច​ជួយ​សម្រាល​បន្ទុក​ឪពុក​ម្តាយ​ថ្មី​ថ្មោង​៖

១.​ របៀប​បី​ទារក​

នៅ​ពេល​ទារក​បាន​មក​ដល់​ដៃ​អ្នក​ភ្លាម​ អ្នក​ប្រហែល​ជា​មិន​ទម្លាប់​ក្នុង​ការ​បី​ទេ​ព្រោះ​ទារក​តូច​ពិបាក​បី។​ ក​របស់​ទារក​គឺ​ជា​ផ្នែក​សំខាន់​បំផុត​ អញ្ចឹង​ហើយ​នៅ​ពេល​ចាប់​កាន់​ទារក​ឡើង​អ្នក​ត្រូវ​យក​ដៃ​ម្ខាង​ចាប់​ទ្រ​ក្បាល​ទារក​ព្រោះ​ទារក​មិន​អាច​ទប់​ក្បាល​ខ្លួន​ឯង​បាន​នោះ​ទេ​ រីឯ​ដៃ​ម្ខាង​ទៀត​ត្រូវ​ទ្រ​ចង្កេះ​។​ ជា​ពិសេស​ត្រូវ​ប្រយ័ត្ន​ចំពោះ​បង្ហើយ​ក្មេង​។

២.​ ត្រូវ​ថែទាំ​ទារក​កំឡុង​ពេល​៣០​ថ្ងៃ​របៀប​ណា?

ទារក​នៅ​ក្នុង​កំឡុង​៣០​ថ្ងៃ​គឺ​ត្រូវ​ប្រយ័ត្ន​បំផុត​។ តែ​ការ​បារម្ភ​របស់​អ្នក​ក៏​មិន​ត្រូវ​លើស​ដែន​កំណត់​ដែរ​ព្រោះ​អាច​ធ្វើ​ឱ្យ​អ្នក​ញ៉ាំ​ ឬ​គេង​មិន​បាន​គ្រប់​គ្រាន់​ជា​ហេតុ​នាំ​ឱ្យ​ខ្វះ​ទឹក​ដោះ​។​ នៅ​ក្នុង​កំឡុង​ពេល​៣០​ថ្ងៃ​នោះ​ អ្នក​គួរ​តែ​ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ​និង​ញ៉ាំ​ឱ្យ​បាន​ច្រើន​ព្រោះ​ទារក​ក្នុង​កំឡុង​ពេល​នេះ​ត្រូវ​ការ​ទឹក​ដោះ​ច្រើន​ និង​ការ​ថែទាំ​ឱ្យ​បាន​ដិត​ដល់​។ ហើយ​អ្នក​គួរ​តែគេង​នៅ​ពេល​ទារក​គេង​ដែរ។​

៣.​ របៀប​រុំ​កូន​ទារក​

ការ​រុំ​ទារក​ឱ្យ​បាន​ត្រឹម​ត្រូវ​ជួយ​ឱ្យ​ទារក​គេង​បាន​ស្ងប់​ល្អ​ និង​នៅ​ស្ងៀម​។​ ជំហាន​ដំបូង​ អ្នក​ត្រូវ​បត់​កន្សែង​ឱ្យ​រាង​ដូច​ពេជ្រ​ រួច​ដាក់​ទារក​លើ​កន្សែង​ហើយ​បត់​កន្សែង​ពី​ឆ្វេង​មក​ស្តាំ​ ពី​ក្រោម​ឡើង​លើ​ ហើយ​ចុង​បញ្ចប់​បត់​ពី​ស្តាំ​មក​ឆ្វេង។

៤.​ របៀប​បំបៅ​ដោះ​ទារក

ការ​បំបៅ​ដោះ​ទារក​គឺ​សំខាន់​បំផុត​កំឡុង​ពេល​២​ឬ​៣​ថ្ងៃ​ដំបូង​ ព្រោះ​កំឡុង​ពេល​នេះ​ទារក​ត្រូវ​ការ​ទឹក​ដោះ​ដំបូង​ដើម្បី​ធំ​ធាត់។ អ្នក​ម្តាយ​អាច​នឹង​ជួប​ប្រទះ​កង្វះ​ទឹក​ដោះ​ ដំបៅ​ក្បាល​ដោះ​ ឬ​សំបូរ​ឬ​ទឹក​ដោះ​ពេក​ ហើយ​ទារក​ខ្លះ​មិន​សូវ​ចង់​បៅ។​ ការ​បី​ទារក​ក៏​ជា​រឿង​សំខាន់​ព្រោះ​ទារក​ខ្លះ​មិន​ចង់​បៅ​ដោយ​សារ​តែ​ការ​បី​មិន​ស្រួល។​ វិធី​បំបៅ​ដោះ​មាន​ច្រើន​របៀប​ (ដូច​ក្នុង​រូប)​ អ្នក​គួរ​តែ​សាក​ឱ្យ​គ្រប់​របៀប​ដើម្បី​ចង់​ដឹង​ថា​របៀប​មួយ​ណា​ដែល​កូប​អ្នក​អាច​បៅ​បាន​ច្រើន​។​

៥.​ របៀប​សង្គ្រោះ​បន្ទាន់​ និង​ធ្វើ​ឱ្យ​ទារក​ភើ

ការ​ភើ​គឺ​ជា​ការ​ចាំ​បាច់​ដើម្បី​ឱ្យ​ទារក​មាន​សុខភាព​ល្អ​ជាពិសេស​នៅ​ក្នុង​កំឡុង​ពេល​២​ឬ៣​ខែ​ដំបូង​។បើ​សិន​ជា​ទារក​មាន​សុខភាព​ល្អ​ប្រាកដ​ជា​បៅ​បាន​ច្រើន​និង​គេង​បាន​ស្កប់​ស្កល់​។ ដើម្បី​ធ្វើ​ឱ្យ​ក្មេង​ភើ​អ្នក​គួរ​តែ​បី​ហើយ​ដាក់​ចង្កា​ទារក​លើ​ស្មា​របស់​អ្នក​ តែ​កុំ​ភ្លេច​ទប់​ក្បាល​និង​ក​ បន្ទាប់​មក​ព្យាយាម​អង្អែល​ខ្នង​ទារក​តិចៗ​ទាល់​តែ​ភើ។​ វិធី​មួយ​ទៀត​គឺ​ដាក់​ទារក​ផ្កាប់​មុខ​ចុះ​លើ​ភ្លៅ​របស់​អ្នក​ ដៃ​ម្ខាង​ទប់​ដើម​ទ្រូង​និង​ក​របស់​ទារក​ហើយ​លើក​គូទ​ទារក​ឱ្យ​ខ្ពស់​ជាង​ក្បាល​រួច​អង្អែល​ខ្នង​ថ្នមៗ។​ សម្រាប់​ការ​សង្គ្រោះ​បឋម​ នៅ​ពេល​ដែល​ទារក​ស្លាក់​ អ្នក​គួរ​តែ​ដាក់​ទារក​ចុះ​លើ​ភ្លៅ​រួច​យក​ម្រាម​ពីរ​សង្កត់​ដើម​ទ្រូង​៥​ដង​ចាំ​ផ្លុំ​ទាល់​តែ​ទារក​ចាប់​ផ្តើម​ក្អក។​ តែ​ត្រូវ​ចាំ​ថា​ទារក​នៅ​តូច​ អ្នក​មិន​អាច​សង្កត់​ញាប់​ពេក​ ឬ​ខ្លាំង​ពេក​នោះ​ទេ។​

៦.​ របៀប​ម៉ាស្សា​ទារក

ការ​ម៉ាស្សា​ជួយ​ឱ្យ​ឆ្អឹង​ទារក​រឹង​មាំ​ និង​សាច់​ដុំ​រឹង​ល្អ​។ អ្នក​មិន​គួរ​ម៉ាស្សា​នៅ​ពេល​ដែល​ទើប​បំបៅ​ទារក​ ឬ​មុន​ពេល​បំបៅ​ទេ។​ ជំហាន​ដំបូង​អ្នក​ត្រូវ​ដាក់​ទារក​លើ​កន្សែង​ ឬ​កម្រាល​ទន់ៗ​រួច​ចាប់​ផ្តើម​ម៉ាស្សា​ដោយ​ប្រើ​ប្រេង​បន្លែ​ពី​ជើង​ទៅ​មុន​បន្ទាប់​មក​ដៃ​ ដើម​ទ្រូង​ហើយ​ខ្នង។​

៧.​ របៀប​ងូត​ទឹក

ឪពុក​ម្តាយ​ថ្មី​ថ្មោង​ពិបាក​បំផុត​គឺ​ការ​ងូត​ទឹក​នេះ​ឯង។​ ការ​ងូត​ទឹក​ឱ្យ​ទារក​គឺ​មាន​ច្រើន​របៀប​ទៅ​តាម​ចំនួន​សប្តាហ៍។​ អ្នក​គួរ​តែ​ចាំ​ដល់​ផ្ចិត​របស់​ស្ងួត​ ហើយ​ជ្រុះ​សិន​សឹម​ងូត​ទឹក​ដោយ​ប្រើ​ក្បាក់​។​ ជា​ពិសេស​ត្រូវ​វាស់​កម្តៅ​ទឹក​ឱ្យ​បាន​ត្រឹម​ត្រូវ​ ហើយ​ត្រូវ​ងូត​ដោយ​ប្រុង​ប្រយ័ត្ន​ទឹក​ចូល​ត្រចៀក​។​

៨.​ របៀប​ផ្លាស់​ប្តូរ​ខោ​ទឹក​នោម

អ្នក​ត្រូវ​ចាំ​ថា​ការ​ផ្លាស់​ប្តូរ​ខោ​ទឹក​នោម​ត្រូវ​ប្រយ័ត្ន​បំផុត​ទាល់​តែ​ផ្ចិត​របស់​ទារក​ជ្រុះ។ អ្នក​មិន​ត្រូវ​ស្លៀក​ខោ​ទឹក​នោម​បិទ​លើ​ផ្ចិត​របស់​ទារក​ ឬ​រិត​តឹង​ពេក​ទេ​ជាពិសេស​ទារិកា​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​រលាក​ឬ​រោល​។​ ត្រូវ​ប្រាកដ​ថា​អ្នក​ជូត​ទារក​បាន​ស្ងួត​ហើយ​មុន​នឹង​ស្លៀក​ខោ​ទឹក​នោម៕​

Leave A Reply

Your email address will not be published.

Click to Hide Advanced Floating Content