តិចនិកទាំង10​នេះ! អ្នកម៉ាក់ពពោះត្រូវធ្វើអោយបាន ដើម្បីសុខភាពម្តាយនិងកូន

នៅអំឡុងពេលមានផ្ទៃពោះជាពេលវេលាដ៏សំខាន់ក្នុងការថែទាំទាំងសុខភាពម្តាយ និងទារក ដើម្បីសុវត្ថិភាពជាចម្បងសម្រាប់ថ្ងៃសម្រាលបុត្រនៅក្នុងពេលខាងមុខ។

ដោយឡែកថ្ងៃនេះយើងនឹងបង្វែរអារម្មណ៍មិត្តអ្នកអានមកដឹងពីគន្លឹះសំខាន់ៗក្នុងការថែទាំសុខភាពម្តាយនិងកូនដើម្បីសុវត្ថិភាពក្នុងពេលសម្រាល ជាមួយនឹងទារកដែលកើតមកពេញដោយសុខភាពល្អដូចខាងក្រោម៖

១. ហាត់ប្រាណឱ្យបានទៀងទាត់

ការហាត់ប្រាណឱ្យបានទៀងទាត់ ដោយវិធីងាយៗតិចៗថ្នមៗរាងកាយ ជាវិធីល្អ សម្រាប់សុខភាពម្តាយនិងកូនក្នុងផ្ទៃដោយអាចការពារអ្នកពីជំងឺឡើងសម្ពាធឈាម ហើយថែមទាំងជួយធ្វើឱ្យរូបរាងអ្នកមិនសូវផ្លាស់ប្តូរទ្រង់ទ្រាយហួសហេតុពេក ជាហេតុធ្វើឱ្យរូបរាងរបស់អ្នកអាចឆាប់ត្រលប់មកសភាពល្អស្អាតវិញបាន ក្រោយពីសម្រាលកូនរួចផងដែរ។ លំហាត់ប្រាណដែលសមស្របរួមមាន៖ ការដើរតិចៗ, ការហែលទឹក, ហាត់យូហ្គា (Yoga) និងលំហាត់ប្រាណកាច់ដៃកាច់ជើងងាយៗ ( Pilates) ។ ក្នុងនោះអ្នកក៏អាចធ្វើលំហាត់ប្រាណផ្សេងក៏បាន ដែលមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព។

២. ពិនិត្យគ្រឿងសម្អាង

នៅក្នុងអំឡុងពេលមានផ្ទៃពោះ គ្រឿងសម្អាងនានាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពទារកក្នុងផ្ទៃបាន។ ដូច្នេះអ្នកមិនគួរប្រើគ្រឿងតុបតែងមុខប្រេងម្សៅនោះទេ ប៉ុន្តែប្រសិនជាអ្នកចង់ប្រើគួរជ្រើសរើសគ្រឿងសម្អាងដែលធ្វើមានគ្រឿងផ្សំពីធម្មជាតិ ឬរ៉ែទើបជាការល្អ។

៣.ផ្លាស់ប្តូររបបអាហារទទួលទាន

អ្នកគួរតែទទួលទានអាហារដែលមានប្រយោជន៍ចំពោះសុខភាពម្តាយ និងកូនក្នុងផ្ទៃដូចជា៖ អាហារដែលមានជាតិកាកសសៃ (Fiber) រួមមានបន្លែ ផ្លែឈើ សណ្តែក អង្ករសម្រូប គ្រាប់ធញ្ញជាតិ ទឹកដោះគោជូរ ត្រីសាល់ម៉ុន និងបង្គារ តែគួរចៀសវាងត្រី សាច់ដែលមានជាតិបារតច្រើន។ ក្នុងនោះដែរ អ្នកគួរតែចៀសវាងការទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន អាហារកែច្នៃលាយពណ៌ អាហារដែលចម្អិន និងម្ហូបផ្សេងៗ ត្រី សាច់ បន្លែដែលសម្បូរទៅដោយបាក់តេរីមិនល្អ។ ជាពិសេសបន្ថែមរបបអាហារដែលល្អៗមានជាតិកាឡូរីយ៉ាងហោចណាស់ ឱ្យបាន ៣០០ ទៅ ៥០០កាឡូរីក្នុងមួយថ្ងៃទើបជាការប្រសើរ។

៤.បន្ធូរបន្ថយសាច់ដុំ

នៅពេលមានផ្ទៃពោះស្ត្រីភាគច្រើនតែងតែជួបប្រទះនឹងបញ្ហារមួលក្រពើជាញឹកញាប់។ ដើម្បីកាត់បន្ថយបញ្ហាទាំងនេះអ្នកគួរតែធ្វើការហាត់ប្រាណតិចៗសន្ធឹងដៃសន្ធឹងជើង ម៉ាស្សាឈ្លីសាច់ដុំ ឬស្អំទឹកកកបន្ថែមក៏បាន។ ការអនុវត្តវិធីបែបនេះជារៀងរាល់ថ្ងៃ ជាពិសេសរាល់យប់មុនពេលចូលគេង ការផឹកទឹកឱ្យបានច្រើនរួមនឹងទទួលទានរបបអាហារល្អៗក៏អាចជួយកាត់បន្ថយអាការរមួលក្រពើបានយ៉ាងងាយផងដែរ។

៥. ផឹកទឹកឱ្យបានច្រើន

ការផឹកទឹកឱ្យបានច្រើនយ៉ាងហោចណាស់ឱ្យបាន ១០កែវក្នុងមួយថ្ងៃ និងយកទឹកស្អាតទុកជាប់នឹងខ្លួនគ្រប់ពេលវេលាដែលអ្នកស្រេកទឹក អាចជួយការពារអាការក្អួតចង្អោរ និងរក្សាបរិមាណទឹកភ្លោះបានល្អគ្រប់គ្រាន់ក្នុងពេលសម្រាលកូនបានផងដែរ។ ប៉ុន្តែរាល់យប់មុនចូលគេងអ្នកមិនគួរផឹកទឹកច្រើនពេកនោះទេ វាអាចធ្វើឱ្យអ្នកពិបាកនឹងចូលបន្ទប់ទឹកញឹកញាប់ផងដែរ។

៦. ទៅស្ប៉ា ឬម៉ាស្សា

ការស្ប៉ា និងម៉ាស្សាដងខ្លួននៅក្នុងពេលមានផ្ទៃពោះអាចជួយឱ្យរាងកាយ និងអារម្មណ៍អ្នកបានធូរស្រាលមួយកម្រិត។ បើទោះជាវាល្អមែន ប៉ុន្តែអ្នកគូរតែចៀសវាងសូណា ឬងូតទឹកក្តៅច្រើនពេកដែលវាអាចធ្វើឱ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃផងដែរ។ ជាពិសេសប្រេងមួយចំនួនដែលប្រើនៅពេលម៉ាស្សា ឬស្ប៉ាត្រូវបានហាមឃាត់ និងប្រើប្រាស់ក្នុងពេលមានផ្ទៃពោះ។ ដូច្នេះអ្នកគួរតែប្រើប្រាស់វិធី ឬផលិតផលធម្មជាតិ ដែលយកល្អគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតមុននឹងចង់ទៅហាងម៉ាស្សាទើបជាការល្អ។

៧.ដំណើរកម្សាន្តដោយធ្វើការហោះហើរ

វេលាល្អសម្រាប់ការធ្វើការហោះហើរនោះ គឺអំឡុងពេលមានផ្ទៃពោះ ពី ១៤ ទៅ ២៨សប្តាហ៍ ដែលជាពេលវេលាមានហានិភ័យតិចបំផុតនៃគ្រោះថ្នាក់ផ្សេងៗដូចជាការរលូតកូន ការសម្រាលកូនមុនកំណត់ និងការកើតជំងឺផ្សេងៗ។ យ៉ាងណាក៏ដោយអ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬបញ្ជាក់ប្រាប់ខាងក្រុមហ៊ុនយន្តហោះពីការមានផ្ទៃពោះរបស់អ្នកជាមុនសិន មុននឹងជិះយន្តហោះ។ ក្នុងនោះផងដែរ សម្រាប់ការធ្វើដំណើរលើយន្តហោះ អ្នកគួរតែផឹកទឹកឱ្យបានច្រើន ឧស្សាហ៍ក្រោកដើរចុះឡើង និងម្យ៉ាងទៀតរកកន្លែងអង្គុយក្បែរផ្លូវដើរជាជម្រើសដែលល្អបំផុត។

៨. ប្រើផលិតផលធម្មជាតិ ឬឱសថបុរាណធម្មជាតិ

អ្នកគួរតែងាកមកប្រើឱសថបុរាណធម្មជាតិដើម្បីសម្រាលអាការក្អួតចង្អោរ ទល់លាមក និងក្រហាយទ្រូងក្នុងអំឡុងពេលមានផ្ទៃពោះប្រសើរជាង។ ដោយខ្ញី និងស្លឹកជីអង្កាមអាចជួយបំបាត់អាការក្អួតចង្អោរ ។ ការត្រាំទឹកក្តៅ និងការធ្វើលំហាត់ប្រាណងាយៗជួយដោះស្រាយបញ្ហាទល់លាមក ចំណែកឯការទំពារស្ករកៅស៊ូគ្មានជាតិស្ករ និងការផកទឹកក្តៅឧណ្ហៗអាចបន្ថយអាការក្រហាយទ្រូងបានយ៉ាងប្រសើរ។

៩.លាបក្រែមការពារកម្តៅថ្ងៃ

នៅពេលអ្នកមានផ្ទៃពោះ ស្បែករបស់អ្នកនឹងឡើងស្តើងហើយងាយរងប្រតិកម្មពីកម្តៅថ្ងៃណាស់។ យកល្អអ្នកគួរតែស្លៀកសំលៀកបំពាក់ឱ្យជិតៗពាក់មួកពាក់វ៉ែនតា និងលាបផលិតផលការពារកម្តៅថ្ងៃផងទើបជាការល្អ។ ក្នុងនោះផងដែរ គ្រូពេទ្យមួយចំនួនថែមទាំងបានណែនាំឱ្យស្ត្រីមានផ្ទៃពោះចៀសវាងឱ្យដាច់ខាតពីពន្លឺព្រះអាទិត្យ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពម្តាយ និងទារកផងដែរ។

១០. ឥរិយាបថនៃការគេង

ការគេងសង្កត់លើពោះត្រូវបានហាមឃាត់ជាដាច់ខាតក្នុងពេលមានផ្ទៃពោះ។ អ្នកគួរតែគេងដាក់ខ្នងប៉ះផ្ទាល់នឹងផ្ទៃគ្រែគេង ព្រោះទម្ងន់ទារក និងស្បូនរបស់អ្នកពឹងផ្អែកទាំងស្រុងនឹងឆ្អឹងខ្នងនិងសសៃឈាមធំៗអស់ទាំងនោះ ។ ម្យ៉ាងការគេងបែបនេះថែមទាំងអាចកាត់បន្ថយអាការស្ទះសសៃឈាមបានផងដែរ។ ជាពិសេសឥរិយាបថគេងដែលល្អសម្រាប់សុខភាពទារកនោះគឺការគេងបែរមកចំហៀង រួចអង្កុញជើងរបស់អ្នកបន្តិច។

Leave A Reply

Your email address will not be published.

Click to Hide Advanced Floating Content