ក្ដីកង្វល់ ថប់​អារម្មណ៍​ពី​អ្នក​ម្ដាយ​អាច​ធ្វើឲ្យ​កូន​យំ​ច្រើន

ក្រុងញូវយ៉ក: ស្ត្រី​ដែល​មាន​បញ្ហា​ផ្លូវចិត្ត​ស្រោប​ដោយ​ក្ដីកង្វល់ និង​ភាព​ធុញថប់​ផ្លូវអារម្មណ៍​ច្រើន​នោះ ទំនង​ជា​មាន​កូន​តូច​ដែល​យំ​ច្រើន​។ នេះ​បើ​យោងតាម​ការ​សិក្សា​ថ្មីៗ​នេះ​របស់​អ្នក​វិទ្យាសាស្ត្រ​អាល្លឺម៉ង់​។

អ្នកនាង ចូអាណា ផេតហ្សូលដ៍ មកពី​វិទ្យាសាស្ត្រ​ចិត្រសាស្ត្រ​នៅ​តំបន់​ត្រេសដិន បាន​និយាយ​ថា៖ «ទំនាក់ទំនង​រវាង​អ្នកម្ដាយ និង​កូន​ក្នុងផ្ទៃ​អាច​មាន​អារម្មណ៍​ផ្សារភ្ជាប់​គ្នា។ យើង​រក​ឃើញ​ថា ស្ត្រី​ដែល​មាន​កង្វល់ ក្ដីបារម្ភ និង​ភាព​តានតឹង​ផ្លូវចិត្ត​ទំនង​ជា​ប្រសូត​បាន​បុត្រ​ដែល​ជា​ទារក​យំច្រើន»។

ការ​សិក្សា​បាន​តាមដាន​លើ​ស្ត្រី​ជិត​៣០០​នាក់ ដែល​មាន​អាយុ​ជា​មធ្យម​២៨​ឆ្នាំ។ អ្នកវិទ្យាសាស្ត្រ​កត់សម្គាល់​ឃើញ​ថា ស្ត្រី​ដែល​មាន​បញ្ហា​ផ្លូវចិត្ត​ដូច​រៀបរាប់​នេះ​មុន​ពេល អំឡុង​ពេល ឬ​ក្រោយ​ពេល​មាន​គភ៌ ទំនង​ជា​មាន​កូន​យំ​ច្រើន​។ យ៉ាងណា​មិញ ការ​សិក្សា​មិន​បាន​កំណត់​ថា ឲ្យ​តែ​អ្នកម្ដាយ​មាន​បញ្ហា​ផ្លូវចិត្ត​សុទ្ធតែ​មាន​កូន​យំច្រើន​នោះ​ទេ។ ការ​សិក្សា​ជា​ពន្លឺ​មួយ​ក្រើន​រំឭក​ដល់​ស្ត្រី​ជា​ម្ដាយ​ទាំងឡាយ​ឲ្យ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ថែទាំ​សុខភាព​ផ្លូវចិត្ត​ប៉ុណ្ណោះ​៕

Comments are closed.

Click to Hide Advanced Floating Content