គួរអាន! របៀបនៃការរស់នៅដែលអ្នកជំងឺធ្លាក់ទឹកចិត្ត គួរសាកល្បងអនុវត្តន៍ដើម្បីទប់ទល់នឹងជំងឺនេះ

វា គឺជារឿងធម្មតាមួយសម្រាប់មនុស្សគ្រប់គ្នាដែលមានអារម្មណ៏ពិបាកចិត្ត ឬក្រៀមក្រំម្ដងម្កាលនៅពេលណាមួយ ។ ប៉ុន្តែប្រសិនបើអារម្មណ៍បែបនេះជាប្រចាំ និងថែមទាំងធ្ងន់ធ្ងរឡើងៗ នោះវាច្បាស់ណាស់ថា គឺមានអ្វីមួយខុសប្រក្រតីហើយ។

ផ្ទុយពីអ្វីដែលគេនិយាយតៗគ្នា ការពិបាកចិត្ត ឬភាពក្រៀមក្រំ គឺមិនមែនជាអាការៈតែមួយគត់នៃជំងឺធ្លាក់ទឹកចិត្តនោះទេ។ ភាពអស់កម្លាំង, គិតតែរឿងអវិជ្ជមាន, គេងមិនលក់, បាត់បង់ចំណង់អាហារ ឬទទួលទានច្រើនហួស, ការឈឺចាប់រ៉ាំរ៉ៃ, បញ្ហារំលាយអាហារ, ពិបាកក្នុងការផ្ចង់អារម្មណ៍ និងបាត់បង់ចំណាប់អារម្មណ៍លើអ្វីដែលធ្លាប់ធ្វើឲ្យរីករាយ ទាំងនេះក៏ជាអាការៈចង្អុលពីជំងឺធ្លាក់ទឹកចិត្តផងដែរ។ អ្នកអាចប្រើប្រាស់ថ្នាំប្រឆាំងជំងឺធ្លាក់ទឹកចិត្ត និងទទួលយកការព្យាបាលជាមួយអ្នកជំនាញ ដើម្បីទប់ទល់ជាមួយបញ្ហានេះ ប៉ុន្តែទោះជាយ៉ាងណាអ្នកអាចបរាជ័យហើយធ្លាក់ចូលជ្រៅក្នុងជំងឺនេះដដែល ប្រសិនបើអ្នកមិនធ្វើការផ្លាស់ប្ដូររបៀបរបបនៃការរស់នៅខ្លះ។ ខាងក្រោមវេបសាយសុខភាព​ នឹងបង្ហាញឲ្យដឹងពីរបៀបនៃការរស់នៅដែលអ្នកគួរអនុវត្តន៍ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានៃការធ្លាក់ទឹកចិត្ត ៖

១. គេងឲ្យបានគ្រប់គ្រាន់

ផលវិបាកមួយនៃជំងឺធ្លាក់ទឹកចិត្ត គឺការគេងមិនលក់។ ហើយនៅពេលអ្នកមិនបានគេងសោះនោះ អ្នកនឹងមានអារម្មណ៍មិនស្រួលដែលអាចធ្វើឲ្យបញ្ហានៃការធ្លាក់ទឹកចិត្តកាន់តែធ្ងន់ធ្ងរឡើង។ ដូច្នេះការប្រើប្រាស់ថ្នាំ ឬរូបមន្តបែបធម្មជាតិណាមួយដែលជួយឲ្យងងុយគេង គឺជាអ្វីដែលអ្នកគួរសាកល្បងដើម្បីអាចគេងលក់បានស្កប់គ្រប់គ្រាន់រាល់យប់។

២. គ្រប់គ្រងភាពតានតឹង

មនុស្សគ្រប់គ្នា គឺងាយនឹងទទួលរងនូវភាពតានតឹង។ ទោះជាយ៉ាងណា អ្នកដែលទទួលរងនូវជំងឺធ្លាក់ទឹកចិត្ត គឺកាន់តែងាយប្រឈមមុននឹងបញ្ហានៃភាពតានតឹងជាងធម្មតា ហើយឥទ្ធិពលនៃភាពតានតឹងទៅលើទាំងចិត្ត និងរាងកាយ អាចមានសភាពខ្លាំងក្លាមែនទែន! ប្រសិនបើអ្នកមានជំងឺធ្លាក់ទឹកចិត្ត ហើយជីវិតរបស់អ្នក គឺពោរពេញដោយភាពតានតឹងទៀតនោះ ចូរព្យាយាមធ្វើនូវសកម្មភាពណាមួយដែលជួយកាត់បន្ថយនូវភាពតានតឹងអាចជា ការធ្វើសមាធិ, អានសៀវភៅ, មើលរឿង ឬកម្មវិធីទូរទស្សន៍ណាមួយដែលអ្នកចួលចិត្ត និងស្ដាប់តន្ត្រី។

៣. ធ្វើលំហាត់ប្រាណជាប្រចាំ

វិធីសាស្ត្រដ៏ល្អមួយទៀត ដើម្បីទប់ទល់នឹងភាពស្ត្រេសតានតឹង គឺការធ្វើលំហាត់ប្រាណទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយ នៅមានមូលហេតុមួយទៀតដែលអ្នកគួរហាត់ប្រាណរាល់ថ្ងៃនោះ គឺលំហាត់ប្រាណជាប្រចាំអាចជួយកាត់បន្ថយជំងឺធ្លាក់ទឹកចិត្ត ដោយវាជួយជម្រុញនូវអ័រម៉ូនរីករាយក្នុងខួរក្បាល។ មិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍ល្អប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយដោះស្រាយនូវបញ្ហាឈឺចាប់រ៉ាំរ៉ៃដែលជាអាការៈមួយនៃជំងឺធ្លាក់ទឹកចិត្តផងដែរ។

៤. ទទួលទានអាហារសុខភាពល្អ

វាក៏ពិតជាសំខាន់ខ្លាំងផងដែរក្នុងការប្រកាន់ខ្ជាប់នូវរបបអាហារមួយដែលមានតុល្យភាពល្អ ប្រសិនបើអ្នកកំពុងទទួលរងនូវជំងឺការធ្លាក់ទឹកចិត្ត ដោយសារតែសារធាតុចិញ្ចឹមជាក់លាក់អាចជួយក្នុងការទប់ទល់នឹងបញ្ហាបាន។ ឧទាហរណ៍ អាស៊ីតខ្លាញ់អូមេហ្គា ៣ និង អូមេហ្កា ៦ អាចជួយក្នុងការគ្រប់គ្រងអារម្មណ៍ល្អប្រសើរ។ ហើយប្រូតេអ៊ីនអាចជួយឲ្យអ្នកមានអារម្មណ៍ល្អតាមរយៈការជួយសំយោគអ័រម៉ូន និងសរសៃប្រសាទដែលមានសារៈសំខាន់សម្រាប់រក្សាសុខភាពផ្លូវចិត្តបានល្អបំផុត។

៥. ថែរក្សារបស់មានជីវិតណាមួយ

អ្នកជំនាញជាច្រើនបានឲ្យដឹងថា វានឹងជួយបានច្រើនណាស់ ប្រសិនបើអ្នកមានសត្វចិញ្ចឹមមួយក្បាល ក៏ព្រោះវា គឺជាអ្វីដែលអាចរក្សាគ្រប់គ្រងសភាពផ្លូវចិត្ត ឬអារម្មណ៍របស់អ្នក។ ប្រសិនបើអ្នកមិនអាចចិញ្ចឹមឆ្កែ ឬឆ្មារ ឬសត្វអ្វីផ្សេងទៀតបាននោះ អ្នកអាចសាកល្បងដាំកូនរុក្ខជាតិ ដោយវាក៏នឹងផ្ដល់ផលចំពោះអារម្មណ៍របស់អ្នកបានដូចគ្នា៕

Comments are closed.

Click to Hide Advanced Floating Content